ប្រវត្តិសង្ខេបសមាគមនិស្សិត

ដំណើរ​បំពេញ​បេសកកម្ម​ផ្លូវ​រដ្ឋ​របស់ សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា នៅ​ក្នុង «​កិច្ច​ប្រជុំ​កំពូល​រំលឹក​ខួប​២០​ឆ្នាំ​នៃ​ទំនាក់​ទំនង​អាស៊ាន​-​រុស្ស៊ី» នៅ​ទីក្រុង សូឈី ( Sochi ) សហ​ព័ន្ធ​រុស្ស៊ី កាល​ពី​ថ្ងៃទី ១៩-២០ ខែ ឧសភា ឆ្នាំ ២០១៦ ជា​ដើម​ចម​ធ្វើ​ឲ្យ​និស្សិត​ស៊ីវិល និង​សិក្ខា​កាម​យោធា​កម្ពុជា​បាន​មាន​ឱកាស​ជួប​ជុំ​គ្នា និង​ពិភាក្សា​គ្នា​ពី​បញ្ហានានា ដោយក្នុងនោះបញ្ហាចោទចំបង គឺប្រធានបទ ចំនួន​និស្សិត​អាហារូបករណ៍​ស៊ីវិល​មាន​ការ​ធ្លាក់​ចុះ​ជាលំដាប់ បើ​ធៀប​នឹង​សិក្ខា​កាម​យោធា​កម្ពុជា​ដែល​ជា​រៀងរាល់​ឆ្នាំ​តែង​តែ​មាន​ការ​កើន​ឡើង​ជា​លំដាប់។ ការ​ពិភាក្សា​រវាង​និស្សិត​ស៊ីវិល និង​សិក្ខា​កាម​យោធា​ដែល​កំពុង​សិក្សា​នៅ​តាម​បណ្តា​ទីក្រុង​មួយ​ចំនួន​ដូច​ជា៖ រដ្ឋធានី​ម៉ូស្គូ ទីក្រុង​ទូឡា ទីក្រុង​វ៉ារ៉ូញៀស ទីក្រុង​បែលហ្គូរ៉ូដ ទីក្រុង​ក្រាស្នាដា ទីក្រុង​តាំប៊ូស ទីក្រុង​សាន់ពីទ័រស្បឺក ទីក្រុង​អ៊ូហ្វា ទីក្រុងកាសាន ទីក្រុងផេនហ្សា…… បាន​បន្​តជា​ហូរហែ​រហូត​ដល់​ថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០១៧ ដែល​មាន​និស្សិត និង​សិក្ខាកាម​យោធា​ចូលរួម​ប្រជុំ​ប្រមាណ​ជា ១៥០ នាក់។ ការប្រជុំ​នេះ​ត្រូវ​បាន​បែង​​ចែក​ជាពីរ​លើក៖

  • លើកទី១ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ក្រោយ​ពិធី​ជួប​សំណេះ​សំណាល​រវាង សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​និសិ្សត សិក្ខាកាម​កម្ពុជា​ដែល​កំពុង​សិក្សា​នៅ​សហព័ន្ធរុស្ស៊ី។
  • លើកទី២ ចាប់​ពី​ថ្ងៃទី ០១ ដល់ ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៧ ជា​ថ្ងៃ​ប្រជុំ​សម្រេច​បង្កើត​សមគម​និស្សិត ដែល​ការ​ប្រជុំ​នេះ​ប្រព្រឹត្ត​ទៅ​នៅ​តាម​បណ្តា​ទីក្រុង​នីមួយៗ​រៀង​ខ្លួនៗ បន្ទាប់​មក​ធ្វើ​ការ​សម្រេច​រួម​គ្នា នៅ​ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ២០១៧។ នៅ​ក្នុង​កិច្ច​ប្រជុំ​តំណាង​ដែល​ធ្វើ​ឡើងតាម​រយៈ Video Call។ ជា​លទ្ធផល​នៃ​កិច្ច​ប្រជុំ​សម្រេច​មូល​មតិ​គ្នា​បង្កើត​ជា​សមាគម​និស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធ​រុស្ស៊ី​នេះ​ឡើង ដែល​មាន​លក្ខន្តិកៈ និង​រចនា​សម្ព័ន្ធ​ដឹកនាំ​សមាគម​ផ្ទាល់​ខ្លួន​។

ដោយ​យោង​តាម​ស្មារតី​និស្សិត និង​សិក្ខាកាម​យោធា​ទាំង​អស់​ដែល​កំពុង​សិក្សា​នៅ​តាម​បណ្តា​ទីក្រុង​នានា និង​រដ្ឋសហព័ន្ធ ដែល​ចំណុះ​ឲ្យ​សហព័ន្ធ​រុស្ស៊ី បាន​មូល​មតិ​គ្នា​ចង​ក្រង​ជា​គំនិត​ឲ្យ​មាន​ការ​បង្កើត​ឡើង​នូវ​សមាគម​និស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី ក្រោម​សកម្មភាព​ការងារ​ចំបង ៣ ធំ ៗគឺ​៖

១. កិច្ចការនិស្សិត
២. កិច្ចការសង្គម (សំដៅផ្សាភ្ជាប់ទំនាក់ទំនងកម្ពុជា និងពិភពលោក)
៣. កិច្ចការវប្បធម៌ (ផ្សព្វផ្សាយ ការពារ អភិរក្ស និងអភិវឌ្ឍន៍នូវ​គ្រប់​រូបភាព​នៃវប្បធម៍ជាតិ) ។

សមាគម​និស្សិត​ជា​ស្ថាប័ន​ដែល​ធ្វើ​សកម្មភាព មិន​រក​ប្រាក់​កម្រៃ មិន​ធ្វើ​សកម្មភាព​នយោបាយ និង​មិន​ប្រកាន់​និន្នាការ​នយោបាយ សាសនា​ណាមួយ​ឡើយ​។

រាល់​សកម្មភាព​ទាំង​ឡាយ​ណា​ដែល​អាច​ប្រើប្រាស់​ក្នុង​គោល​បំណង​នយោបាយ ដូច​​ជា​យុទ្ធនាការ​នយោបាយ ការ​​បង្កើត​​មូលនិធិ​​សម្រាប់​​គាំទ្រ​​សកម្មភាព​នយោបាយ ការ​បង្ហាញ​ចំណាប់​អារម្មណ៍​នយោបាយ​ជា​ដើម ពុំមែន​ជាសកម្មភាព​របស់​សមាគម​និស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធ​រុស្ស៊ី​ឡើយ​។

សមាគម​និសិ្សត​ខ្មែរ​ប្រចាំ​សហព័ន្ធ​រុស្ស៊ី​ប្រៀប​បី​ដូច​ជា​ស្ថាប័ន​សភា​យុវជន​កម្ពុជា​ដែល​កំពុង​បំពេញ​បេសកកម្​មការងារ​ក្នុង​ផ្នែក​វប្បធម៌ សិល្បៈ សិក្សា​ធិការ ទំនាក់​ទំនង និង​ព័ត៍មាន​។